សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់ពត៌មានបន្ថែមទាក់ទង និងមេរោគអេដស៌ ជំងឺអេដស៌ សូមទូរស័ព្ទមកកាន់លេខ ០១២៩៩៩០០៨/០១២៩៩៩០០៩ និង ០៩២៩១៤១១១ ចាប់ពីម៉ោង១១ថ្ងៃត្រង់ដល់ ម៉ោង៨យប់ រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ។  
 


បុរសមានផ្ទុកមេរោគអេដស៌

នេះជារឿងពិត របស់ប្អូនប្រុសអាយុ ២៨ ឆ្នាំ មានផ្ទុកមេរោគអេដស៍ម្នាក់។ ប្អូនបានសំរេចចិត្ត បង្ហាញរឿងរ៉ាវពិត របស់ខ្លួន តាមរយៈទំព័រអ៊ីនធើណិតរបស់ ឥន្ទធនូ ក្រោយពីប្អូនបានឃើញ ការផ្សព្វផ្សាយ លេខទូរសព្ទ័ពិសេស ដែលអាចសួរនាំ មេរោគអេដស៍ ជំងឺអេដស៍ និង ជំងឹកាមរោគ ដែលអាចរក្សាការសំងាត់ នៅក្នុងសៀវភៅរឿង រ៉សជាតិជីវិត ។ ប្អូនសង្ឃឹមថា រឿងនេះនឹងរួមចំណែក ជួយក្រើនរំលឹកអ្នកដទៃ មិនអោយមានការថ្លោះធ្លោយ ដូចប្អូន។
ប្អូនបានរៀបរាប់ប្រាប់យើងថា៖

“ កាលនៅជាសិស្សវិទ្យាល័យនៅខេត្ត ខ្ញុំបានរាប់អានស្គាល់នារីម្នាក់ ជាសិស្សសាលាជា
មួយគ្នាតែនាងរៀន ក្រោមខ្ញុំ ២ ថ្នាក់។ ឪពុកម្តាយខ្ញុំ ជាអ្នកមានមុខមាត់នៅក្នុងខេត្ត បើប្រៀប
ធៀបជាមួយយុវជនរួមជំនាន់ ខ្ញុំ មានអ្វីៗប្រសើរជាងគេ ដូចជា រៀនពូកែ រូបរាងសង្ហាមានជីវភាព
ខ្ពង់ខ្ពស់ និងមានសំភារៈប្រើប្រាស់ល្អៗ។ ទំនាក់ទំនងរបស់យើង មានភាពល្អូកល្អើន ហើយបាន
ក្លាយទៅជាចំណងស្នេហា យើងបានស្បថស្បែរ ជាមួយគ្នា ថានឹងស្រឡាញ់គ្នាលុះអវសាន្ត ទោះបីជាមានឧបសគ្គអ្វីមករារាំងក៏ដោយ ក៏ប៉ុន្តែយើងទាំងពីរមិនដែលប្រព្រឹត្ត អ្វីអោយរំលង
ប្រពៃណីឡើយ។ ក្រោយមកខ្ញុំ ក៏បានប្រលងជាប់បាក់ឌុប នឹងត្រូវបន្តការសិក្សានៅភ្នំពេញទៀត ។ ទោះបីបែកឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ក៏យើងនៅតែរក្សាទំនាក់ទំនងល្អជាមួយគ្នាជានិច្ច តាមរយៈទូរសព្ទ័ ។ ស្នេហាយើងហាក់ដូចជា គ្មានឧបសគ្គអ្វីមករារាំងឡើយរៀងរាល់ពេលវិស្សម
កាល ខ្ញុំតែងតែទៅលេងផ្ទះនាង ឪពុកម្តាយរបស់នាងក៏មិនមានថាអ្វី រីឯឪពុកម្តាយខ្ញុំក៏មិន
ជំទាស់ដែរ ពិតមែនតែគាត់ជាអ្នកមានតែគាត់ជា មនុស្សចិត្តទូលាយ គាត់សំរេចតាមការជ្រើស
រើសរបស់កូន។ ខ្ញុំបានសន្យាជាមួយនាងថា នឹងអោយឪពុកម្តាយ ខ្ញុំចូលស្តីដណ្តឹងនាងរៀបការ
នៅឆ្នាំក្រោយ។ ក៏ប៉ុន្តែនៅឆ្នាំទី ៣ អ្វីៗប្រែប្រួលមិនដូចជាការរំពឹងទុកនោះទេ ទំនាក់ទំនងរបស់
យើងចាប់ផ្តើមរង្គោះរង្គើរ ព្រោះឪពុកម្តាយរបស់នាង ចង់លើកនាងទៅអោយអណិកជនខ្មែរ នៅសហរដ្ឋអាមេរិក តាមការណែនាំរបស់បងប្អូននាង ។

នាងចាប់ផ្តើមសោះអង្គើយជាមួយខ្ញុំ ពេលខ្ញុំបបួល នាងដើរលេងតាមទំលាប់ដូចសព្វដង នាងតែងគេចវេស រឺ ដោះសាថាជាប់រវល់ ដោយប្រការផ្សេងៗ។ ក្រោយមក នាងបានប្រាប់ខ្ញុំថា គ្រូទាយថាយើងមិនមែនជាគូព្រេងនឹងគ្នាទេ សូមបងបំភ្លេចអូនត្រឹមនេះចុះ។ ចាប់ពីពេល
នោះមក ខ្ញុំខូចចិត្តលែងមានអារម្មណ៍នឹងនរ ក្នុងការសិក្សាដូចមុនទៀត ខ្ញុំក្លាយទៅជាមនុស្ស
ផ្សេង ទោះបីជា មិត្តភក្តិខំលួងលោមយ៉ាងណាក៏ដោយ ខ្ញុំហាក់ដូចជាស្តាប់មិនចូល។

ខ្ញុំចាប់ផ្តើម ដើរលេងរាល់យប់ ច្រៀងខារ៉ាអូខេ ជួនកាលផឹកស៊ីស្រវឹង និង រហូតឈានទៅដល់
មានការរួមភេទជាមួយដៃគូមិនរើសមុខរីឯ ការប្រើស្រោមដើម្បីការពារខ្លួន ក៏ មិនបាន
ទៀងទាត់ដែរ ។ ថ្ងៃមួយ ខ្ញុំបានជួបនារីម្នាក់មានរូបសម្បត្តិ សមរម្យ ដោយចៃដន្យនៅផ្សារ។
 នាងមានមុខមាត់ ឆ្លាតវាងវៃ និង ស្រស់ស្អាត និង ជាអ្នកលក់សំលៀកបំពាក់។ ក្រោយមក យើងក៏ចាប់ផ្តើមមានទំនាក់ទំនងល្អនឹងគ្នា នាងបានលើកទឹកចិត្តខ្ញុំ អោយមានក្តីសង្ឃឹមឡើងវិញ
 ហើយ នាងសន្យាថានឹងរៀបការជាមួយខ្ញុំ នៅពេលដែលខ្ញុំប្រលងជាប់បរិញ្ញាបត្រ័។ ពេលនេះ ទើបខ្ញុំទទួល ស្គាល់ថា សេចក្តីស្នេហាពិតជាមានឥទ្ធិពលខ្លាំងក្លាមែន ពេលនេះខ្ញុំហាក់
មានកំលាំងចំលែក ដែលជំរុញអោយ ខ្ញុំមានចិត្តក្លៀវក្លា ខិតខំរៀនសូត្រ ហើយប្តេជ្ញាចិត្តថា
នឹង ប្រលងយកសញ្ញាបត្រ័មកបង្ហាញនាងអោយបាន។ ទីបំផុត ខ្ញុំបានប្រលងជាប់មែន
ខ្ញុំត្រេកអរខ្លាំងណាស់ក៏ទូរសព្ទ័ទៅប្រាប់នាងភ្លាម។ នាងបាន ចូលរួមអបអរសាទរនូវជ័យ
ជំនះនេះ ខ្ញុំក៏រំលឹកនាងពីរឿងរៀបការ នាងប្រាប់ថា នាងមិនភ្លេចសន្យាហើយនាងបបួល
ខ្ញុំទៅពិនិត្យ ឈាម ។ ខ្ញុំមានអារម្មណ៏រំភើប និង ត្រេកអរខ្លាំងណាស់ តែក៏មានការព្រួយបារម្ភដែរ ដោយគិតទៅដល់ការ ប្រព្រឹត្តរបស់ខ្លួនកន្លងមក ខ្ញុំក៏ទៅពិនិត្យឈាមតែម្នាក់ឯង។ លទ្ធផលតេស្តឈាមបានបញ្ជាក់ថា ខ្ញុំមានផ្ទុក មេរោគអេដស៍មែន។ ខ្ញុំមានក្តីរន្ឋត់ និង តក់ស្លុតយ៉ាងខ្លាំង ពេលនេះអ្វីៗដែលជាក្តីសង្ឃឹមត្រូវរលាយបាត់អស់។ ខ្ញុំបានលាក់រឿងនេះ មិនអោយនរណាដឹងឡើយ ជាពិសេសឪពុកម្តាយ និង នារីជាទីឡ្រាញ់។ ខ្ញំុខ្វាយខ្វល់ក្នុង ចិត្តខ្លាំងណាស់ មិនដឹងត្រូវគិតដូចម្តេច? ខ្ញុំក៏សំរេចចិត្តគេចមុខពីនាង ដោយដូរលេខ ទូរសព្ទ័ និង ប្តូរទីតាំង រស់នៅ។ ទោះបីជាដឹងថា ទង្វើបែបនេះមិនត្រឹមត្រូវក៏ដោយ ក៏ខ្ញុំមិនអាច
អោយនារីជាទីស្រឡាញ់របស់ខ្ញុំ ឆ្លង មេរោគអេដស៍ ជាដាច់ខាត។ ខ្ញុំជឿជាក់ថា នាងប្រាកដ
ជាបារម្ភ និង មានការឈឺចាប់ខ្លាំងណាស់ តែបើសិនជា ខ្ញុំរៀបការជាមួយនាង នោះខ្ញុំនឹងមាន
វប្បដិសារី អស់មួយជីវិត ទោះជាមានការយល់ព្រមពីនាងក៏ដោយ។ ខ្ញុំសង្ឃឹមថា ពេលវេលា
ពិតជាអាចជួយនាងអោយបំភ្លេចខ្ញុំបាន។ រឿងនេះកន្លងផុតទៅ ២ ឆ្នាំ មកហើយ ខ្ញុំហាក់ ដូចជា បានរសាយចិត្តខ្លះហើការងារធ្វើអោយ ខ្ញុំភ្លេចអ្វីៗទាំងអស់ ពេលខ្លះភ្លេចទាំងគិតថា ខ្លួនឯងជា អ្នកមានផ្ទុកមេរោគអេដស៍ទៀតផង។ ប៉ុន្តែក្តីស្នេហ៍ ដែលខ្ញុំមានចំពោះនាង នៅតែស្ថិតក្នុង
ដួងចិត្តខ្ញុំជានិច្ច ហើយខ្ញុំតែងតែ បន់ស្រន់អោយនាងបានជួបប្តីដែល ល្អ ចេះស្រឡាញ់ និង ថែរក្សា នាងរហូតអស់មួយជីវិត។


បើមិត្តអ្នកអាន មានរឿងរ៉ាវផ្ទាល់ខ្លួន ចង់អោយកម្មវិធីយើង ផ្សព្វផ្សាយដើម្បីចែករំលែក រឺ ទុកជាបទពិសោធន៍ ដល់អ្នកដទៃ តាមរយៈទំព័រអ៊ិនធើណែតរបស់ ឥន្ទធនូ សូមទូរសព្ទ័
មកលេខ៖ ០១២ ៩៩៩ ០០៨, ០១២ ៩៩៩ ០០៩ , ០៩២ ៩១ ៤១ ១១ រឺ អ៊ីម៉ែលមកតាមអាស័យដ្ឋាន៖ info@INTHANOU
.org សូមអរគុណ !!!
   

.



....

bl
សមាគមឥន្ទធនូ ភ្នំពេញ កម្ពុជា
ទូរស័ព្ទ ០២៣ ៩៨៦ ២៤០ អ៊ីម៉េល info@INTHANOU.org
br